តើ​អ្នក​ចង់ក្លាយជាមនុស្សដ៏ឆ្លាតវៃ ក្នុងការប្រើប្រាស់​លុយ​របស់​អ្នក ដើម្បីបង្កើន​ទ្រព្យ​ស​ម្ប​ត្ដិ​នៅ​ឆ្នាំ​ក្រោយ ​អោយបានច្រើនជាង​ឆ្នាំ​នេះ​ឬយ៉ាងណា?
HuffPost

មហាសេដ្ឋីអាមេរិក ​លោក Warren Buffett ជាអ្នកមានបំផុតទី៣​ នៅក្នុងពិភពលោក ដែលមានទឹកប្រាក់ជាង៧២ ពាន់​លានដុល្លារ ​ជាមនុស្សម្នាក់ដែល មាន​ដំបូន្មានល្អ​ៗជាច្រើន ក្នុងការបង្កើន​ទ្រព្យ​ស​ម្ប​ត្ដិទោះបីជាអ្នកមិនដឹងអ្វីសោះពីការវិនិយោគក៏ដោយ។

ខាងក្រោមនេះជាដំបូន្មានល្អបំផុតចំនួន ៦​ ពីមហាសេដ្ឋីលោក Warren Buffett៖

១. កុំអោយខាតប្រាក់

លោកWarren បាននិយាយថា ច្បាប់ទី១​: កុំ​អោយខាតបង់​ប្រាក់​ ​ច្បាប់​ទី២: កុំ​ភ្លេចច្បាប់ទី១​។ ជា​ការ​ពិត​ណាស់​ គ្មាននរណាម្នាក់​ដែលនិយាយថា ការចំណាយឬ ការបាត់​បង់​ប្រាក់​គឺ​ជា​គំនិត​ល្អនោះទេ​ដោយអ្នកត្រូវជៀសវាងហានិភ័យ តាមដែលអាចធ្វើបាន​។

លោក​បាន​និយាយ​ថា ​ដើម្បី​ឱ្យ​មាន​សុភមង្គល​និង​ទទួល​បាន​ជោគជ័យ​មិនត្រូវ​ប្រថុយ​​ដូរ អ្វី​ដែល​អ្នក​ត្រូវ​ការ ​ដើម្បី​ទទួល​បាន​អ្វី​មួយ​ដែលអ្នក​គ្រាន់​តែ​ចង់​បានទោះបីជាមានភាគរយខ្ពស់ក៏ដោយ​។

២. កុំចំណាយច្រើនជាង តម្លៃពិតប្រាកដ​

លោកសរសេរថា៖ "ថ្លៃ​គឺ​ជា​អ្វី​ដែល​អ្នកចំណាយ​តម្លៃ​គឺ​ជា​អ្វី​ដែល​អ្នក​ទទួល​បាន​" ។ ដូច្នេះ​ អ្នក​អាច​នឹងខាតបង់​ប្រាក់(និងបំពានលើ​ច្បាប់ទី១​) ប្រសិន​បើ​អ្នក​ចំណាយ​ប្រាក់​ច្រើន​ជាង​តម្លៃដែលអ្នកបានទទួល។ ​ឧទាហរណ៍ នៅ​ពេល​ដែល​មនុស្ស​គ្រប់​គ្នា កំពុងតែទិញអចលនទ្រព្យតម្លៃទីផ្សារអចលនទ្រព្យនឹងឡើងថ្លៃខ្ពស់ហួស​តម្លៃពិត ឬវត្ថុមួយដែលមានតម្លៃតែ ៨ដុល្លារអ្នកត្រូវចំណាយដល់ ១០ដុល្លារ ដោយមិនបានតថ្លៃជាដើម។

គាត់បន្តនិយាយថា៖ "មិន​ថា​យើង​កំពុង​និយាយ​អំពី​ស្រោមជើង​ឬ​ភាគ​ហ៊ុន​ ​ខ្ញុំ​ចូល​ចិត្តទិញ​ទំនិញដែលមាន​គុណភាព នៅពេលដែលវាចុះថ្លៃ​" ​។

៣. ទម្លាប់​ប្រើប្រាស់លុយអោយមានប្រសិទ្ធិភាព​

លោក Buffett បាន​និយាយ​ថាការ​សំខាន់​បំផុត​គឺ​ត្រូវ​សន្សំ​លុយ ហើយ «កំហុស​ធំ​បំផុត​ គឺ​ការ​មិនមានទំ​លាប់​ល្អនៃ​ការ​សន្សំ​ឱ្យ​បាន​ត្រឹមត្រូវ»​។ អ្នកអាចពិចារណា​អំពី​ការ​កាត់​ប្រាក់ខែ ដោយ​ស្វ័យប្រវត្តិ​​ ​​ចូល​ទៅ​ក្នុង​គណនី​សន្សំ​ឬ​ការ​វិនិយោគ​ដើម្បី​​បង្កើតអោយមាន​ទម្លាប់​ល្អនៃការប្រើប្រាស់លុយ​។

៤. មាន​ប្រាក់​ច្រើន សម្រាប់ប្រើការ

លោក Buffett បាន​និយាយ​ថា​ក្រុមហ៊ុន Berkshire Hathaway របស់លោក​មាន​យ៉ាង​ហោច​ណាស់ ២០ពាន់​លាន​ដុល្លារ និង​ជា​ធម្មតា​មាន​ច្រើនជាងនេះ ហើយអាចដកប្រើការបានពេលណាក៏បានបើចាំបាច់​។ ​លោក​ថ្លែង​ថា ​ប្រាក់ទាំងនេះ បាន​រក្សា​ក្រុមហ៊ុន​អោយ​រួចចេញ​ផុតពី​បញ្ហា​ក្នុង​កំឡុង​ពេល​វិបត្តិ​ហិរញ្ញវត្ថុ​ឆ្នាំ២០០៨ ដែលបានធ្វើអោយក្រុមហ៊ុនខ្លះដួលរលំ ឬលំបាកដំណើរការ​។

មិនមែនយកប្រាក់ទាំងនេះ ទុកក្រោមពូកនោះទេ អ្នកត្រូវកាត់ចំណែក​សមរម្យដាក់ក្នុងគណនេយ្យសន្សំ ឬវិនិយោគផ្សេងៗ ដែលអាចបង្កើនជាចំណូលមកវិញ ។ លោក Buffett ​និយាយ​ថា៖​ «​សាច់ប្រាក់​គឺ​ដើម្បី​អាជីវកម្ម​ដូចគ្នានឹងអុក​ស៊ី​សែន​គឺសម្រាប់រាងកាយ»។

៥. វិនិយោគ​លើខ្លួនឯង​

លោក Buffett ជា​ញឹកញាប់​និយាយថា ​អ្នក​គួរ​តែ​វិនិយោគ​លើ​ខ្លួនឯងតាមដែលអាច​ធ្វើ​បានចាប់ពី ការ​ថែរក្សា​សុខភាពរាងកាយ​ ការរក​ការងារ​ធ្វើ​ដែល​អ្នក​ស្រឡាញ់​ ការសិក្សាអប់រំ​។ល។គាត់​បាន​និយាយ​នៅ​ក្នុង​បទ​សម្ភាស​មួយ​ថា៖ "អ្វី​ដែល​អ្នក​បាន​ធ្វើឱ្យ​ទេពកោសល្យ​ផ្ទាល់ខ្លួន​ប្រសើរឡើង​និង​ធ្វើ​ឱ្យ​ខ្លួន​ឯង​មាន​តម្លៃ​កាន់​តែ​ច្រើន ​នោះនឹង​ទទួល​បាន​មកវិញក្នុង​លក្ខខណ្ឌដែលសមស្រប​"​។

លោក​បញ្ជាក់បន្ថែ​ថា សមត្ថភាព​និង​ជំនាញ​របស់អ្នកគ្មានអ្នកណាយកបានទេខុសពី​ទ្រព្យ​សកម្ម​។ ​មាន​ន័យ​ថា​ អ្នកត្រូវ​ទៅ​សាលារៀន ចូលវគ្គបណ្ដុះបណ្ដាល ចាប់ផ្ដើមអាជីវកម្ម​ស្ម័គ្រចិត្តក្នុងតួនាទី ណាមួយ ​ដែលអាច​បង្រៀន​ជំនាញ​ ​ដែល​អ្នក​មិន​មាន​ពី​មុន​មក​។

៦. កំណត់​គោលដៅ​រយៈ​ពេល​វែង​

កំហុសដែលមនុស្ស​ភាគ​ច្រើន​បាន​ធ្វើ​​គឺ​ថា ​ពួក​គេ​ព្យាយាម​ចាប់យកអ្វីមួយ ដែលអាចផ្ដល់ផលចំនេញ ច្រើនក្នុងរយៈពេលភា្លមៗ ពីការបណ្ដាក់ទុន។លោកថា ការគិតបែបនេះ នឹងធ្វើអោយអ្នកមានបញ្ហា ដោយផ្ដល់​ដំបូន្មានអោយ ប​ណ្តា​ក់​ទុន​លើអ្វីមួយដែលមានស្ថេរភាពរយៈពេលយូរឆ្នាំ៕